សិក្ខាសាលាស្តីអំពីការវិនិយោគលើផ្សារភាគហ៊ុន

នៅរសៀលនេះ ខ្ញុំបានទៅមជ្ឈមណ្ឌល PGCTដើម្បីចូលរួមសិក្ខាសាលាមួយដែល
ទាក់ទងនឹងការវិនិយោគទៅលើទីផ្សារភាគហ៊ុន។ សិក្ខាសាលានេះ ត្រូវបានធ្វើឡើង
ដោយមជ្ឈមណ្ឌល CSI Cambodia ចាប់ពីម៉ោងពីរ រហូតដល់ម៉ោងបួនរសៀលដែល
មានលោក Michael Kim ជាវាគ្មិន។

តាមពិតទៅ សិក្ខាសាលានេះគ្រាន់តែជាសិក្ខាសាលាណែនាំ (Introductory Seminar) ដែលមិនបានបង្ហាញអ្វីឲ្យស៊ីជម្រៅទៅលើប័ណ្ណភាគហ៊ុន និងទីផ្សារភាគហ៊ុនទេ គឺគ្រាន់
តែបង្ហាញជាសញ្ញាណទូទៅប៉ុណ្ណោះ ហើយគោលបំណងសំខាន់គឺដើម្បីផ្សព្វផ្សាយណែ
នាំសិក្ខាកាមឲ្យចូលរួមវគ្គបណ្តុះបណ្តាល (Regular Training) ដែលមានតម្លៃ១៣៥ដុល្លារ
ក្នុងមួយវគ្គ។

តែមិនថ្វីទេ ខ្ញុំគិតថាពីរម៉ោងដែលខ្ញុំចំណាយនោះគឺមានតម្លៃសមល្មមដែលអាចទទួល
យកបាន ព្រោះខ្ញុំអាចទទួលបានពត៌មានសំខាន់មួយចំនួនដែរ។ខ្ញុំក៏បានទិញសៀវភៅ
មួយក្បាលថ្លៃប្រាំពីរដុល្លារផងដែរ សំរាប់ធ្វើជាឯកសារស្រាវជ្រាវបន្ថែម។

ប្រទេសខ្ញុំ ស្រាបៀរខ្ញុំ

អ្នកទាំងអស់គ្នាប្រហែលជាបានលឺពាក្យស្លោកថា “ប្រទេសខ្ញុំ ស្រាបៀរខ្ញុំ” ជាញឹកញាប់
ជាមិនខាននៅតាមកញ្ចក់ទូរទស្សន៍ឫតាមវិទ្យុជាដើម។ តើពាក្យស្លោកនេះសំដៅទៅលើ
អ្វីទៅ?

“ស្រាបៀរ អង្គរ!”

ខាងក្រោមនេះជាប្រវត្តិខ្លះៗទាក់ទងនឹងការផលិតស្រាបៀរ អង្គរ៖


“ស្រាបៀរ អង្គរ” ត្រូវបានផលិតចេញជាលើកដំបូងនៅឆ្នាំ១៩៦៣ ដោយរោងចក្រ
ស្រាបៀរអង្គរដែលស្ថិតនៅទីក្រុងព្រះសីហនុ ប្រទេសកម្ពុជា។ រោងចក្រនេះត្រូវបាន បង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជា នាដើមទសវត្សទី៦០ ដែលបានកសាង និងផ្តល់
ជំនួយការ បច្ចេកទេសដោយជនជាតិបារាំង (គំរោងបង្កើតរោងចក្រស្រាបៀរនេះ មាន
តាំងពីដើមទសវត្សទី២០ ក្នុងអំឡុងសម័យអាណានិគមបារាំងមកម្លេះ)។ រោងចក្រនេះ
បានផលិតស្រាបៀរដោយដាក់ស្លាកសញ្ញាពីរគឺ ស្រាបៀរអង្គរ និង ស្រាបៀរបាយ័ន។

នៅទសវត្សទី៧០ (អំឡុងសម័យ លន់ នុល) រោងចក្របានខាតបង់ប្រាក់ជាបន្តបន្ទាប់ ហើយចុងក្រោយត្រូវបានបិទនិងបំផ្លាញដោយរបបខ្មែរក្រហម។ ដូច្នេះមិនមានផលិត
ផលស្រាបៀរនៅចុងទសវត្សទី៧០ និងទសវត្សទី៨០ ទៀត​ទេ។

រូបសញ្ញានៅលើស្រាបៀរអង្គរដោយខេមប្រ៊ូវគឺមានកំពូលប្រាសាទអង្គរប្រាំ គឺដូចនឹងរូបតំណាង
នៅលើទង់ជាតិនៅសម័យនោះដែរ (សម័យរដ្ឋកម្ពុជា)។ បន្តិចក្រោយមកនៅឆ្នាំ១៩៩២ ក្រោយការរៀបចំការបោះឆ្នោតរបស់ UN (សម័យអ៊ុន តាក់) ទង់ជាតិថ្មីត្រូវបានបង្កើត
ឡើងសំរាប់ព្រះរាជាណាចក្រកម្ពុជាដែលមានរូបតំណាងជាប្រាសាទអង្គរកំពូលបីវិញ
ដូច្នេះក្រុមហ៊ុនក៏បានកែច្នៃរូបសញ្ញាឲ្យមានកំពូលប្រាសាទបីវិញដែរ។

នៅក្នុងឆ្នាំ១៩៩១ ក្រុមហ៊ុនមកពីប្រទេសអូស្រ្តាលីបានបង្ហាញពីចំណាប់អារម្មណ៍ក្នុង
ការបង្កើតឡើងវិញនូវរោងចក្រស្រាបៀរអង្គរ ប៉ុន្តែត្រូវដកទៅវិញដោយសារស្ថានភាព
មិននឹងនរនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់មកនៅក្នុងឆ្នាំនោះដែរ ក្រុមហ៊ុនមកពីប្រទេស
ម៉ាឡេស៊ីបានទិញក្រុមហ៊ុននិងដូរឈ្មោះទៅជា “ខេមប្រ៊ូវ (Cambrew)” ។ នៅឆ្នាំ១៩៩២ ចង្វាក់ផលិតកម្មស្រាបៀរអង្គរក៏បានចាប់ផ្តើមឡើងវិញនៅទីតំាងដើមគឺនៅទីក្រុងព្រះ
សីហនុ។ ចំណែកឯស្រាបៀរបាយ័នចាប់ផ្តើមផលិតឡើងវិញដែរនៅឆ្នាំ១៩៩៥។

"ស្រាបៀរ បាយ័ន ជា ស្រាបៀរ លក់ ដាច់ ជាង គេ នៅ ទសវត្ស ទី ៦០។ "

កាសស្បែរ(Carlsberg) ជាក្រុមហ៊ុនផលិតស្រាបៀរមួយដែលធំជាងគេក្នុងចំណោម ក្រុមហ៊ុនផលិតស្រាបៀរធំៗក្នុងពិភពលោក ដែលបានទិញភាគហ៊ុន៣០ភាគរយនៅ
ឆ្នាំ២០០៥ និងបង្កើនចំណែកភាគហ៊ុនដល់៥០ភាគរយនៅក្នុងឆ្នាំ២០០៦ ពីខេមប្រ៊ូវ។ នៅឆ្នាំ២០០៧ ដោយមានឧបករណ៍ទំនើបធ្វើឲ្យមានសមត្ថភាពផលិតប្រចាំឆ្នាំបាន
រហូតដល់៨០០.០០០ ហិចតូលីត្រ(២៥០លានកំប៉ុង)។

ផលិតផលស្រាបៀរ អង្គរ មិនត្រឹមតែពេញនិយមនៅក្នុងប្រទេសកម្ពុជាទេ ពួកវាក៏ត្រូវ
បាននាំចេញទៅប្រទេសជាច្រើនជុំវិញពិភពលោករួមមាន សហភាពអឺរ៉ុប ជប៉ុន អូស្រ្តាលី និងសហរដ្ឋអាមេរិកជាដើម។

បញ្ជាក់៖ អត្ថបទនេះមិនមែនសរសេរឡើងក្នុងគោលបំណងផ្សព្វផ្សាយផលិតផល
ស្រាបៀរអ្វីនោះទេ វាគ្រាន់តែចង់បង្ហាញពីប្រវត្តិត្រួសៗទាក់ទិននឹងស្រាបៀរផលិត
នៅស្រុកខ្មែរតែប៉ុណ្ណោះ។

ឯកសារ​យោង​៖ ចុច​ត្រង់​នេះ

តេស្តឈាមដែលប្រាប់ពីរយៈពេលរស់នៅដែលនៅសល់?

តើការធ្វើតេស្តឈាមពិតជាអាចកំណត់នូវអាយុរបស់មនុស្ស និងរយៈពេលដែល មនុស្សនឹងអាចរស់នៅបានមែនឫ?
អ្នកគ្រាន់តែចំណាយលុយ ៧០០ដុល្លារ ប៉ុណ្ណោះដើម្បីធ្វើតេស្តឈាម!
………

បើយោងទៅតាមពត៌មានរបស់ ABC NEWS បានបង្ហាញថា មានការធ្វើតេស្តឈាម
មួយដែលពិនិត្យទៅលើប្រវែងរបស់ ថេលូមៀរ (Telomere) ដែលជាបំណែក DNA នៅខាងចុងក្រូម៉ូសូមរបស់កោសិការបស់មនុស្ស។ មនុស្សកាន់តែមានវ័យចំណាស់ ប្រវែងថេលូមៀរក៏កាន់តែខ្លី។ ដោយការវាស់ស្ទង់ទៅលើប្រវែងថេលូមៀរ អ្នកវិទ្យា
សាស្រ្តមួយចំនួនជឿជាក់ថាពួកគេអាចកំណត់បាននូវអាយុជីវសាស្រ្តរបស់មនុស្ស។ អាយុជីវសាស្រ្តមិនតែងតែដូចទៅនឹងអាយុពិតរបស់មនុស្សទេ នោះមានន័យថា
មនុស្សអាចចាស់ជាង ឫក្មេងជាងអាយុពិតរបស់ពួកគេ។

តើការដឹងពីប្រវែងថេលូមៀរ អាចកំណត់បាននូវអាយុមនុស្សដែលនឹងរស់នៅបាន
ពិតប្រាកដបានមែនឫ? ប្រសិនបើបាន តើអ្នកមានអារម្មណ៍យ៉ាងដូចម្តេច? ឧទាហរណ៍៖ ក្រោយពីការធ្វើតេស្តឈាម អ្នកដឹងថាអាយុរបស់អ្នកនៅសល់តែមួយ
ខែទៀត តើអ្នកនឹងត្រូវធ្វើអ្វី?

ចម្លើយដូចមិនទាន់ច្បាស់នៅឡើយទេ ព្រោះនៅមានករណី និងកត្តាជាច្រើនទៀត
ដែលជះឥទ្ធិពលរបស់រយៈពេលរស់នៅរបស់មនុស្ស។

ថ្ងៃរំលឹកគុណម្តាយឆ្នាំ ២០១១

ពីមួយឆ្នាំទៅមួយឆ្នាំឃើញថាយុវជនខ្មែរទាំងប្រុសទាំងស្រីមានការចាប់អារម្មណ៍
ទៅលើថ្ងៃរំលឹកគុណម្តាយ (Mother’s Day) កាន់តែច្រើនឡើងៗ។ បើតាមការ
សង្តេតមើលនៅតាមហ្វេសប៊ុគ (Facebook) ថ្ងៃនេះមានយុវជនមួយចំនួនបាន
ប្តូររូបភាព ដាក់រូបភាពថ្មីដែលទាក់ទងនឹងការរំលឹកគុណម្តាយ និងមួយចំនួនទៀត
បានសរសេរពីការជូនពរ ឫពីគំរោងផែនការដែលខ្លូននឹងធ្វើដើម្បីជាការរំលឹកគុណ
យ៉ាងព្រោងព្រាតនៅក្នុងហ្វេសប៊ុគ។ មើលទៅគួរឲ្យរំភើបណាស់!

តើនេះជាការពិត ឫក៏គ្រាន់តែចង់ឲ្យគេឯងឃើញ​តែប៉ុណ្ណោះទេ? ខ្ញុំ​ជឿ​ជាក់​ថា​ពួក​គេ​
ពិត​ជា​នឹង​​ធ្វើអ្វី​​ដែល​ពួក​គេប្រាថ្នា​ចង់​ផ្តល់​ដល់​ម្តាយ​របស់​ពួក​គេ​ជាក់​ជា​ពុំ​ខាន​។​​បើ
យុវជនទាំងអស់នេះពិតជាស្រឡាញ់ និងដឹងគុណម្តាយដូចដែលគេបានបង្ហាញនៅ
ក្នុងហេ្វសប៊ុគនោះ ពិតជាល្អក្រៃ រកអ្វីមកថ្លែងប្រៀបពុំបានទេ! ព្រោះនេះសរ​បញ្ជាក់
ឲ្យឃើញថាពួកគេពិតជាបានយល់ច្បាស់ពីគុណបំណាច់របស់ម្តាយដែលខំចិញ្ចឹមបី
បាច់ថ្នាក់ថ្នមថែរក្សាតាំងពីតូចរហូតដល់ធំដែលឆ្លងកាត់ការលំបាកជាច្រើន។ 

សម្រាប់ជាការដឹងគុណនិងសងគុណ គឺមិនមែនគ្រាន់តែធ្វើមួយថ្ងៃនឹងទេគឺជារៀង
រាល់ថ្ងៃពេញមួយជីវីតរបស់​យើងដែលជាកូនៗ ទើបស័កសមនឺង​អ្វី​ដែល​គាត់​បាន​ធ្វើ
​ចំពោះ​ពួក​យើង​។

.:. គួរបញ្ជាក់ផងដែរថា ថ្ងៃរំលឹកគុណម្តាយគឺមានកាលបរិច្ឆេទខុសៗគ្នានៅតាមប្រទេសមួយចំនួនជុំវិញ
ពិភពលោក តែមានប្រទេសភាគច្រើនបានកំណត់យកថ្ងៃអាទិត្យទីពីរនៃខែឧសភា។ ដូច្នេះនៅឆ្នាំ ២០១១នេះ គឺត្រូវនឹងថ្ងៃទី ០៨ ឧសភា​ហើយសម្រាប់ឆ្នាំក្រោយគឺត្រូវ
នឹងថ្ងៃទី ១៣ ឧសភា ២០១២

សូមអានផងដែរនូវ៖ ថ្ងៃរំលឹកគុណម្តាយឆ្នាំ ២០១០

វីដេអូ​លើក​ទឹក​ចិត្ត​ពី​ Nick Vujicic

មាន​មនុស្ស​ជាច្រើន​នៅលើ​ពិភព​លោក​យើង​នេះ​ បាន​បោះ​បង់​ចោល​នូវ​ការ​តស៊ូ​ព្យាយាម​
របស់​ខ្លួន​នៅ​ពេល​ជួប​ឧបសគ្គ​នៅ​ក្នុងខ្សែ​​ជីវិត​ ហើយ​ក៏​មាន​មនុស្ស​មួយ​ចំនួន​ដែរ​ ដែល​
តស៊ូ​​ស្វិត​ស្វាញ ​ក្រាញ​ននាល​នឹង​ភាព​លំបាក​របស់​ខ្លួន​រហូត​បាន​ជោគ​ជ័យ​ និង​បាន​កែ​ខៃ​
ជីវិត​ខ្លួន​ឲ្យ​ស្រស់​បំព្រង​ក្នុង​សង្គម​ដែល​គេ​រស់​នៅ​។​

ខាង​ក្រោម​នេះ​ខ្សែ​វីដេអូ​ដែល​មាន​រយៈ​ពេល​​ ២នាទីនិង​៤១​វិនាទី បង្ហាញ​ពី​បុរស​ម្នាក់​ឈ្មោះ
​ថា​Nick Vujicic។​ គាត់​ជា​ជន​ពិការ​ដែល​មិនមាន​អវយវៈដៃ​ជើង​ទំាង​អស់​ តែ​គាត់​មិន​បាន​
ទុក​ឲ្យ​ស្ថាន​ភាព​ជីវិតរបស់​គាត់​​​ដេក​ដួល​ទៅ​តាម​សភាព​រាង​កាយ​គាត់នោះ​​ទេ​។​ គាត់​បាន
ព្យាយាម​ស្វែង​រក​របៀប​ងើប​ឈរ​ដោយ​ខ្លួន​ឯង​ ទោះ​បី​គាត់​បរាជ័យ​ជា​ច្រើន​លើក​ច្រើន​សារ
​ក៏​ដោយ​។​

…………………………………..

ពាក្យ​ចាស់​ពោល​ថា ​”អ្នក​ឈ្នះ​មិន​ដែល​បោះ​បង់​ អ្នក​បោះ​បង់​មិន​ដែល​ឈ្នះ​!”​

បញ្ញារបស់មនុស្ស

លោកសាស្រ្តាចារ្យ Haward Gardner ជាអ្នកចិត្តវិជ្ជាបានពន្យល់ថា មនុស្សម្នាក់ៗ
មានបញ្ញាចំនួន ប្រាំពីរប្រភេទផ្សេងៗគ្នា។ ខាងក្រោមនេះជាប្រភេទនៃបញ្ញារបស់
មនុស្សមានដូចជា៖

១. បញ្ញាខាងភាសា
ជាបញ្ញាដែលបង្ហាញពីសម្ថតភាព អាន សរសេរ និងប្រាស្រ័យទាក់ទងគ្នាដោយ
ការប្រើប្រាស់ពាក្យពេជ្រ។ ក្រុមមនុស្សដែលមានបញ្ញាខ្លាំងខាងភាសាមានដូចជា
អ្នកនិពន្ធ អ្នកសរសេរកំណាព្យ(កវីករ) និងអ្នកថ្លែងសុន្ទរកថាជាដើម។

២. បញ្ញាខាងគណិតវិទ្យា និងខាងវិភាគរកហេតុផល
ជាបញ្ញាដែលឆ្លុះបញ្ចាំងពីសមត្ថភាពរកមូលហេតុ និងការគណនាលេខ។ ក្រុម
មនុស្សដែលមានបញ្ញាខាងគណិតវិទ្យានិងខាងវិភាគរកហេតុផលខ្លាំងមានដូចជា
អ្នកវិទ្យាសាស្រ្ត អ្នកគណិតវិទ្យា អ្នកច្យាប់ មេធាវី និងចៅក្រមជាដើម។

៣. បញ្ញាខាងភ្លេងតន្ត្រី
ជាបញ្ញាដែលទាក់ទងនឹងសមត្ថភាព ទេពកោសល្យខាងដូរ្យតន្រ្តី មានដូចជាការច្រៀង
ការនិពន្ធនិងការលេងភ្លេង។ ក្រុមមនុស្សដែលមានបញ្ញាខ្លាំងមានដូចជា អ្នកចម្រៀង
អ្នកនិពន្ធបទភ្លេង អ្នកលេងភ្លេង អ្នកដឹកនាំភ្លេងជាដើម។

៤. បញ្ញាខាងប្រើដៃ និងប្រើកាយ
ជាបញ្ញាដែលប្រើខ្លាំងដោយក្រុមអត្តពលករ អ្នកកីឡា អ្នកកាយសម្ព័ន្ធ អ្នករាំរបាំ
និងអ្នកវះកាត់ជាដើម។

៥. បញ្ញាខាងរូបភាព ឬរូបក្នុងលំហ
ជាបញ្ញាដែលប្រើខ្លាំងដោយក្រុមស្ថាបត្យករ វិចិត្រករ ជាងចំលាក់ អ្នកសូនរូប អ្នកបើក
បរនាវា និងអ្នកបើកបរយន្តហោះជាដើម។

៦. បញ្ញាខាងប្រាស្រ័យទាក់ទងជាមួយអ្នកដ៏ទៃ
ជាសម្ថតភាពទំនាក់ទំនងជាមួយអ្នកដ៏ទៃ និងជាបញ្ញាដែលប្រើភាគច្រើនក្នុងចំណោម
អ្នកចរចា អ្នកសម្របសម្រួល អ្នកលើកទឹកចិត្ត អ្នកជំរុញ និងអ្នកលក់ជាដើម។

៧. បញ្ញាខាងទំនាក់ទំនងជាមួយខ្លួនឯង
ជាសមត្ថភាពសិក្សាស្វែងយល់ពីខ្លូនឯង និងស្គាល់ខ្លួនឯង។ បើមានបញ្ញាខ្លាំងខាងផ្នែកនេះ
អាចជួយមនុស្សមានការគិតបែបពិភាល់ (ដឹងអ្វីមួយដោយញ្ញាណ)។

ឯកសារយោង៖ Howard Gardner 1999: 41-43

អ្វីទៅជាភាពភ័យខ្លាច?

. តើអ្នកមានការភ័យខ្លាចដែរឫទេ?
. មូលហេតុអ្វីទើបអ្នកមានការភ័យខ្លាច?
. តើអ្នកធ្វើដូចម្តេច ដើម្បីបំបាត់ការភ័យខ្លាចរបស់អ្នក?

ខ្ញុំសូមនិយាយថា មនុស្សណាក៏មានសេចក្តីភ័យខ្លាចដែរ គ្រាន់តែតិចឫច្រើនអាស្រ័យ
ទៅលើសមត្ថភាពនៃការគ្រប់គ្រងផ្លូវអារម្មណ៍របស់ពួកគេតែប៉ុណ្ណោះ។ សូមបញ្ជាក់ថា
ភាពភ័យខ្លាចដែលខ្ញុំកំពុងនិយាយនេះ មិនមែនសំដៅទៅលើភាពភ័យខ្លាចដែលកើត
ចេញពីការតក់ស្លុតនៅពេលឃើញសត្វចម្លែក ឬសត្វសាហាវអ្វីនោះទេ គឺខ្ញុំចង់សំដៅ
ទៅលើភាពភ័យខ្លាចដែលមនុស្សយើងមានជារៀងរាល់ថ្ងៃ។

តើអ្វីទៅជាភាពភ័យខ្លាចដែលមនុស្សយើងមានជាប្រចាំនោះ?
ខ្ញុំក៏មិនដឹងថាត្រូវពិពណ៌នាវាយ៉ាងម៉េចដែរ គ្រាន់តែដឹងថាវាជាបាតុភូតផ្លូវអារម្មណ៍របស់
មនុស្សដែលប្រឆាំងនឹងគំនិង សតិសម្បជញ្ញៈរបស់មនុស្សតែប៉ុណ្ណោះ។ និយាយជារួម
“ភាពភ័យខ្លាចរបស់អ្នកជាសត្រូវរបស់អ្នក!”​​ ហេតុអ្វីបានជាវាក្លាយជាសត្រូវរបស់មនុស្ស
ទៅវិញ? ព្រោះតែភាពភ័យខ្លាចនេះ វាមិនដែលជួយអ្វីដល់មនុស្សយើងទេ តែវាថែមទាំង
បំផ្លាញយើងទៀត។ វាមិនដែលបើកផ្លូវឲ្យយើងទេ តែវាថែមទាំងបិទផ្លូវយើងទៀត។ វាមិន
ដែលជួយឲ្យយើងធ្វើអ្វីមួយបានល្អប្រសើរ ឬអស់ពីសមត្ថភាពទេ តែវាថែមទាំងបន្ទច់​បង្អាក់
ដំណើរការយើងទៀត។ កាលណាមនុស្សយើងមានភាពភ័យខ្លាចនៅក្នុងខ្លួន នោះកម្លាំង
ប្រាជ្ញា ស្មារតីរបស់យើងនឹងបាត់បង់អស់មួយចំនួនជាក់ជាមិនខាន ហើយមានអ្នកខ្លះសុខ
ចិត្តជ្រើសរើសធ្វើអ្វីដែលផ្ទុយនឹងគំនិតខ្លួនក៏មានដែរ។

តើអ្វីទៅដែលបណ្តាលឲ្យយើងមានភាពភ័យខ្លាចនោះ?
ចំណុចចំបង ប្រហែលកើតចេញពីការបារម្ភពីអ្នកដ៏ទៃគិតចំពោះខ្លួន ថាតើគេគិតយ៉ាង
ណា យល់យ៉ាងណា នៅពេលខ្លួនធ្វើយ៉ាងនេះធ្វើយ៉ាងនោះ ហើយ​ភ័យខ្លាចអ្នកដ៏ទៃថា
ខ្លួនធ្វើមិនល្អ មិនសមជាដើម។ មនុស្សយើងខ្លះ ធ្វើអ្វីមួយ និយាយពីអ្វីមួយ ឫសូម្បីតែ
ទិញរបស់អ្វីមួយក៏មានភាពភ័យខ្លាចចំពោះគំនិត យោបល់របស់អ្នកដ៏ទៃមកលើខ្លួន
ដែរ។ ជាឧទាហរណ៍ អ្នកខ្លះនៅពេលទិញទូរសព្ទដៃ គិតថាបើខ្លួនទិញរបស់ថោកមិន
ទំនើប ខ្លាចគេថាខ្លួនអន់មិនទាន់សម័យ តែបើខ្លួនទិញរបស់ថ្លៃហើយទំនើប ខ្លាចគេថា
ចាយវាយខ្ជះខ្ជាយនិងជាអ្នកសំភារៈនិយម។ អ្នកខ្លះទៀត នៅពេលទៅចូលរួមពិធីមង្គល
ការគេ តែងមានការស្ទាក់ស្ទើរនឹងចំនួនលុយដែលនឹងត្រូវចងដៃគេ ហើយមិនហ៊ានចង
តិចទេព្រោះខ្លាចគេរិះគន់ថាជាមនុស្សកំណាញ់ម៉ៅស្វិត ឫខ្លាចគេថាមិនយល់មុខ មិនឲ្យ
តម្លៃទំនាក់ទំនង មិនឲ្យកិត្តិយសដល់គេ ។ល។

តើយើងត្រូវធ្វើដូចម្តេចចំពោះការភ័យខ្លាចទាំងអស់នេះ?
ដូចបាននិយាយខាងដើមអញ្ចឹង ជាធម្មជាតិមិនមានមនុស្សណាដែលគ្មានភាពភ័យខ្លាច
នោះទេគ្រាន់តែតិចឫច្រើន ដូច្នេះយើងត្រូវចេះគ្រប់គ្រងភាពភ័យខ្លាច និងកាត់បន្ថយភាព
ភ័យខ្លាចរបស់យើងឲ្យនៅអប្បបរិមា។ មុនដំបូង យើងត្រូវបើកចិត្តឲ្យទូលាយ ហើយគិត
ថាមនុស្សភាគច្រើនដែលនៅជុំវិញខ្លួនយើង សុទ្ធតែផ្តល់សេចក្តីស្រឡាញ់ និងចង់ឲ្យយើង
ល្អ។ នៅពេលធ្វើសេចក្តីសម្រេចចិត្ត យើងត្រូវពឹងផ្អែកលើអ្វីដែលជាភាពត្រឹមត្រូវ អ្វីដែលល្អ
ប្រសើរបំផុតសំរាប់ខ្លួនយើង ហើយកុំខ្វល់ពីគំនិតអ្នកដ៏ទៃ ដូចមានពាក្យចាស់ថា “អ្នកមិន
អាចតំរូវចិត្តមនុសគ្រប់គ្នាបានទេ ហើយអ្វីដែលអ្នកធ្វើក៏មិនតែងតែត្រឹមត្រូវក្នុងក្រសែភ្នែក
មនុស្សគ្រប់គ្នាបានដែរ។” ដូច្នេះរាល់ពេលសម្រេចចិត្ត យើងត្រូវសួរខ្លួនឯងថា “ហេតុអ្វីទើប
ខ្ញុំធ្វើការសម្រេចចិត្តបែបនេះ? តើវារងឥទ្ធិពលពីការបារម្ភ ភ័យខ្លាចដែរឫទេ?”

សូមព្យាយាមអូសទាញខ្លួនអ្នកឲ្យចេញពីក្តីបារម្ភ និងភាពភ័យខ្លាច។ អ្នកមិនមែនជាទាសករ
នៃសេចក្តីទាំងនោះទេ។ អ្នកនឹងមានសេរីភាពក្នុងការសម្រេចចិត្តនៅពេលគ្មានពួកវា។

សត្វចម្លែកនៅប្រទេសថៃ


សត្វនៅក្នុងរូបភាពនេះ ត្រូវបានគេថតបាននៅប្រទេសថៃ។ មនុស្សជាច្រើនដែលបានឃើញ
រូបភាពនេះ​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែសត្វនៅក្នុងរូបភាពនេះមានរូបរាង្គខុស
ប្លែកពីធម្មតាខ្លាំងពេក។

សត្វចម្លែកនេះមានជើងដូចជាសត្វជ្រូក មានខ្លូនដូចជាសត្វឆ្កែ មានមុខដូចជាមនុស្សពិភព
ផ្កាយដែលនៅក្នុងរឿងប្រឌិតវិទ្យាសាស្ត្រអញ្ចឹង។

រូបភាពនៃសត្វចម្លែកនេះត្រូវបានផ្សព្វផ្សាយមុនដំបូងប្រហែលជាបីបួនឆ្នាំមុន តែប្រព័ន្ធ
ផ្សព្វផ្សាយក្នុងស្រុកថៃបានបញ្ជាក់ថា សត្វចម្លែកនេះលេចមុនជាញឹកញយ។

អ្នកភូមិមួយចំនូនកំពុងតែបន្តស្វែករកសត្វចម្លែកនេះ។ មានអ្នកខ្លះអុជទៀនធូប អ្នកខ្លះផាត់
ក្រេមម្សៅ និងអ្នកខ្លះទៀតបន់ស្រន់នៅពេលចាប់បានវា។ បន្ទាប់ពីមើលរូបភាពនេះហើយ តើអ្នកគិតយ៉ាងណា? តើវាជាសត្វអ្វី?

ក្តីសង្ឃឹមរបស់យុវសិស្សមកពីស្រុក​ឳរ៉ាល់

ក្រោមកំដៅសូរសែងប្រហែលជាម៉ោង១ និង៤៥នាទី យុវជន ​យុវនារីមួយក្រុមកំពុងតែ
​សស្រាក់​សស្រាំនឹងកិច្ចការងារក្នុងបរិវេណផ្ទះស្នាក់នៅ​របស់ពួកគេ នាថ្ងៃអាទិត្យដែល
ជា​ថ្ងៃឈប់សម្រាក​ពីការសិក្សានៅសាលារៀន។ ក្រុមយុវជន យុវនារី​ទាំង​នេះមាន
សមាជិកចំនួន៦នាក់ ក្នុងនោះមាន​ប្រុស៤នាក់ និងស្រី២នាក់ ដែលមកពីឃុំត្រពាំងជរ
ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ។ ពួកគេកំពុងបន្តការ​សិក្សានៅភ្នំពេញដែលមាន ៥នាក់កំពុង
សិក្សា​នៅវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី និងមា្នក់​ទៀត​នៅ សាកលវិទ្យាល័យ
វេសស្ទើន​ផ្នែកអក្សរសាស្រ្តអង់គ្លេស។ ពួកគេជាយុវសិស្ស និងនិសិត្ស​ក្រីក្រដែលត្រូវ
បាន អង្គការសាលា​ទ្រទ្រង់អន្តរជាតិ (Sustainable School International) ជួយ​ជ្រោមជ្រែងលើការស្នាក់នៅនិង​ផ្តល់ប្រាក់ឧបត្ថម្ភជាប្រចាំខែ។

ផ្ទះដែលយុវសិស្សមកពីស្រុកឳរ៉ាល់ស្នាក់នៅ

គូសបញ្ជាក់ផងដែរថា អង្គការទ្រទ្រង់សាលាអន្តរជាតិនេះត្រូវបានបង្តើតឡើងដោយ
អ្នកស្រី ខារី (Kari) តាំងពីឆ្នាំ២០០២មកម្លេះ និងមានលោក ស៊ឹក យឹន ជាប្រធានអង្គការ
ប្រចាំនៅទីក្រុងភ្នំពេញ។ គោលបំណងក្នុងការបង្កើតអង្គការនេះឡើងគឺដើម្បីជួយដល់
សិស្ស និស្សិតក្រីក្រ ខ្វះខាតលទ្ធភាព​ឲ្យបន្តការ​សិក្សាទៅមុខទៀតបាន។ គោលដៅមុន
ដំបូងរបស់អង្គការនេះគឺនៅស្រុកឳរ៉ាល់ ខេត្ត​កំពង់ស្ពឺ​ ដែលរួមបញ្ចូលទាំងជនជាតិសួយ
នៅទីនោះផងដែរ។

អង្គការ ទ្រទ្រង់ សាលា អន្តរជាតិ

បើតាមសំដីលោក សែម គង់ ដែលជាប្រធានក្រុមនៃយុវសិស្សទាំងនោះបានឲ្យដឹងថា
សព្វថ្ងៃ ពួកគេ​សូវជាមានបញ្ហាលើជីវភាពប៉ុន្មានទេ ដោយសារអង្គការបានផ្តល់កន្លែង
ស្នាក់នៅ និងប្រាក់ឧបត្ថម្ភក្នុង១ខែ ៥០ដុល្លារ និងថ្លៃបង់សាលាសំរាប់អ្នកសិក្សានៅ
សាកលវិទ្យាល័យដូចជារូបគាត់។ ប៉ុន្តែគាត់បាន​បញ្ជាក់ទៀតថា អ្វីដែលពួកគាត់ខ្វះខាត
នោះគឺសំភារៈសិក្សាដូចជា សៀវភៅអាន និងការបណ្តុះ​បណ្តាល​ចំណេះដឹងបន្ថែម
ដូចជាភាសាអង់គ្លេសជាដើម។

ដើម្បីឆ្លើយតបទៅនឹងតំរូវការខ្វះខាតរបស់ប្អូនៗដែលមកពីស្រុកឳរ៉ាល់ទាំងអស់នោះ
លោកស្រី ភូ ចិរយា ដែលជាប្រធានក្រុមយុវជនខ្មែរដើម្បីអភិវឌ្ឍន៍ បានឧបត្ថម្ភសៀវភៅ
អានជាច្រើន និង​ជាពិសេស លោកស្រីនិងសមាជិកក្រុមបានផ្តល់នូវវគ្គបណ្តុះបណ្តាល
ដល់ប្អូនៗទាំងអស់នោះ​ជារៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង២ដល់៤រសៀល។

សកម្មភាពបង្រៀនរបស់លោកស្រី ភូ ចរិយា


សមាជិក ក្រុម យុវជន ខ្មែរ ដើម្បី អភិវឌ្ឍន៍

ពួកគេមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានជំនួយពីមជ្ឈដ្ឋានខាងក្រៅជួយជ្រោម
ជ្រែងលើជីវភាពរស់នៅ និងការសិក្សាដូច្នេះ។ ប្អូនស្រី ជន់ រ៉ាម អាយុ១៨ឆ្នាំ រៀនថ្នាក់ទី៩
នៅវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី ដែលជាជនជាតិសួយតែម្នាក់គត់ក្នុងចំណោម
សមាជិកទាំង៦នាក់ បាននិយាយ​ថា៖ ​«កុំតែបានអង្គការជួយ ម្លេះប្រហែលជាខ្ញុំមិនមានមុខ
នៅទីនេះទេមើលទៅ បើនៅស្រុកខ្ញុំមាន​ត្រឹមតែអនុវិទ្យាល័យហ្នឹង ហើយខ្ញុំសប្បាយចិត្ត
ពេលដែលបានបងស្រី ភូ ចរិយា មកជួយបង្រៀន​អង់គ្លេសនៅផ្ទះអញ្ចឹង ព្រោះខ្ញុំអត់លុយ
ទៅរៀនគួរអង់គេ្លសនឹងគេ រៀនតែតាមសៀវភៅនៅសាលា​រដ្ឋ។»

ពួកគេនឹងក្លាយជាក្តីសង្ឃឹមរបស់អ្នកស្រុកឳរ៉ាល់ទាំងឡាយ ព្រោះពួកគេសុទ្ធតែមាន
បំណងប្រាថ្នា​រៀងៗខ្លួនដែលមានអ្នកខ្លះចង់ក្លាយជាគ្រូបង្រៀន វិស្វករ វេជ្ជបណ្ឌិត ​និងអ្នកខ្លះទៀតស្រឡាញ់ខាង​វិស័យកសិកម្ម។
…………………………

បុណ្យអំទូក 2010

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ​និង​អកអំបុកនៅឆ្នាំនេះនឹងត្រូវប្រារព្ធ
ឡើងក្នុង​រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១០។

បើយោងទៅតាមគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ បានឲ្យដឹងថា នៅឆ្នាំនេះ
មានទូកង​សរុបចំនួន​ ៤២០ទូក និង​កីឡាករសរុប​ចំនួន​ ២៧ ៥៧០នាក់ គិត​ត្រឹម​ថ្ងៃទី១០ 
ខែវិច្ឆិកា ឆ្នាំ២០១០ ​ដែល​ជាថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ចុះ​បញ្ជី​ទូកង​ដែលនឹង​ត្រូវ​ធ្វើ​ការ​ប្រលង
​ប្រណាំង​នៅ​ឆ្នាំ​នេះ។​ ក្នុងចំណោម​ទូកង​ទាំង​ ៤២០ទូក មានទូក​អុំ​បុរស​ចំនួន ២៥៨, 
ទូកអុំ​នារី ១, ទូកចែវ​បុរស ៤៤, ទូកចែវ​នារី​ ២, ទូកង​ខ្នាត​អន្តរជាតិ ផ្នែកបុរស​ចំនួន ១១៣ 
និង​ទូកង​ខ្នាត​អន្តរជាតិ​ ផ្នែក​នារីចំនួន ២។ ចំពោះ​ចំនួន​កីឡាករ​អុំទូក​បុរស​មាន ២២ ០២៥នាក់ 
និង​កីឡាករ​អុំទូក​នារី​មាន ១១៨នាក់ បម្រុងចំនួន ៥ ៤២៧នាក់។

តាម​តួលេខ​​ក្នុង​តារាង​ខាង​លើ​បាន​បង្ហាញ​ថា ចំនួន​ទូកង​ កីឡាករ និង​ប្រទីប​មាន​ការ​កើន​
ឡើង​បើ​ធៀប​នឹង​ឆ្នាំ ២០០៩។​ គួរ​កត់​សំគាល់​ថា​ ជា​ធម្មតា​មាន​តែ​ប្រទីប​ចំនួន​ ៨ ទេ​ដែល​
នឹង​ត្រូវ​បណ្តែត​ក្នុង​ព្រះ​រាជ​ពិធីបុណ្យ តែ​ដោយ​ឡែក​នៅ​ឆ្នាំ​២០១០នេះ​ សាលា​រាជធានី​
ភ្នំពេញ​ក៏​បាន​បង្កើត​ប្រទីប​មួយ​បន្ថែម​ទៀត ដើម្បី​ចូលរូម​អបអរ​ផង​ដែរ។

ទាក់​ទិន​នឹង​សន្តិសុខ សណ្តាប់ធ្នាប់​មាន​ការ​រឹត​បន្តឹងជាង​មុន ដើម្បី​ធានា​ឲ្យ​បាន​នួវ​សន្តិសុខ 
សុវត្ថិភាព​ជូន​ភ្ញៀវ​ជាតិ ភ្ញៀវអន្តរជាតិ និង​ថ្នាក់​ដឹក​នាំគ្រប់​លំដាប់​ថ្នាក់​​ក្នុង​ព្រះរាជពិធីបុណ្យ
​នេះ។ បើ​តាម​ប្រសាសន៍​របស់​ លោក​ ទូច ណារ៉ុថ បានឲ្យ​ដឹង​ថា​ ក្នុង​ពិធីបុណ្យអំទូក​នេះ​ 
កង​កម្លាំងសមត្ថកិច្ច​មក​ពី​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​មានដូចជា មន្រ្តីកងរាជអាវុធហត្ថ ប៉ូលីស
ក្រសួងមហាផ្ទៃ និង​ប៉ូលីស​នៅតាម​ខណ្ឌ​ទាំង ៨ រាប់​​ម៉ឺន​នាក់​នឹង​ដាក់​ពង្រាយ​គ្រប់​ច្រក​ល្ហក 
តាមផ្លូវ​ចេញចូល និង​នៅជុំ​វិញ​ខ្សែ​ក្រវ៉ាត់​ក្រុង។ ក្នុង​នោះ​ លោក ពង្ស សាវរិទ្ធ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ​ក៏​បាន​បញ្ជាក់​ពី​ចំនួន​កងកម្លាំង​រាជអាវុធហត្ថ​ថានឹង​មាន​ចំនួន​
ប្រហែល​ជា​ជិត ៥០០០នាក់ ដែល​មាន​ក្រុម​អន្តរាគមន៍ ប្រចាំ​ការ​នៅ​ច្រក​ចេញ​ចូល​ភ្នំពេញ​
ទាំង​ ៧ច្រក និង​ក្រុមគាំទ្រ​ពី​ចម្ងាយ​ ប្រចាំការ​នៅ​ច្រក​ផ្លូវ​ជាតិ​លេខ​១, ផ្លូវជាតិលេខ ២, 
ផ្លូវជាតិលេខ ៣, ផ្លូវជាតិលេខ ៤, និង​នៅ​តាម​ខ្សែ​ក្រវាត់​ក្រុង។

ចំណែកឯ ក្រសួងធម្មាការ និង​សាសនាក៏​បាន​ចេញ​បម្រាម​ ហាមមិនឲ្យ​ព្រះសង្ឃ​និមន្តដោយ
​សេរី​នៅ​ក្នុងពិធីបុណ្យអំទូក​នេះដែរ ដើម្បី​បញ្ជៀស​នូវ​ទង្វើ​អសីលធម៌​ណាមួយ​ជាយថា
ហេតុ ក្នុងគោល​បំណង​​លើក​​ស្ទួយ​​ក្រម​សីលធម៌​ព្រះសង្ឃ និង​វិស័យ​ព្រះ​ពុទ្ធសាសនា។

គួរ​រំលឹកផង​ដែរ​ថា ព្រះរាជពិធី​បុណ្យអុំទូកប្រារព្ធឡើង​ក្នុង​គោល​បំណង​សំខាន់​ពីរ​គឺ៖
១. រលឹកដល់​ជ័យជម្នះ​របស់​កងទ័ពជើង​ទឹក​កម្ពុជា​នាសម័យ​បុរាណ
២. រលឹក​ដល់​គុណ​បុណ្យ​ព្រះ​ចង្កូម​កែវ និង​ព្រះ​គង្គារ។