ក្តីសង្ឃឹមរបស់យុវសិស្សមកពីស្រុក​ឳរ៉ាល់


ក្រោមកំដៅសូរសែងប្រហែលជាម៉ោង១ និង៤៥នាទី យុវជន ​យុវនារីមួយក្រុមកំពុងតែ
​សស្រាក់​សស្រាំនឹងកិច្ចការងារក្នុងបរិវេណផ្ទះស្នាក់នៅ​របស់ពួកគេ នាថ្ងៃអាទិត្យដែល
ជា​ថ្ងៃឈប់សម្រាក​ពីការសិក្សានៅសាលារៀន។ ក្រុមយុវជន យុវនារី​ទាំង​នេះមាន
សមាជិកចំនួន៦នាក់ ក្នុងនោះមាន​ប្រុស៤នាក់ និងស្រី២នាក់ ដែលមកពីឃុំត្រពាំងជរ
ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ។ ពួកគេកំពុងបន្តការ​សិក្សានៅភ្នំពេញដែលមាន ៥នាក់កំពុង
សិក្សា​នៅវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី និងមា្នក់​ទៀត​នៅ សាកលវិទ្យាល័យ
វេសស្ទើន​ផ្នែកអក្សរសាស្រ្តអង់គ្លេស។ ពួកគេជាយុវសិស្ស និងនិសិត្ស​ក្រីក្រដែលត្រូវ
បាន អង្គការសាលា​ទ្រទ្រង់អន្តរជាតិ (Sustainable School International) ជួយ​ជ្រោមជ្រែងលើការស្នាក់នៅនិង​ផ្តល់ប្រាក់ឧបត្ថម្ភជាប្រចាំខែ។

ផ្ទះដែលយុវសិស្សមកពីស្រុកឳរ៉ាល់ស្នាក់នៅ

គូសបញ្ជាក់ផងដែរថា អង្គការទ្រទ្រង់សាលាអន្តរជាតិនេះត្រូវបានបង្តើតឡើងដោយ
អ្នកស្រី ខារី (Kari) តាំងពីឆ្នាំ២០០២មកម្លេះ និងមានលោក ស៊ឹក យឹន ជាប្រធានអង្គការ
ប្រចាំនៅទីក្រុងភ្នំពេញ។ គោលបំណងក្នុងការបង្កើតអង្គការនេះឡើងគឺដើម្បីជួយដល់
សិស្ស និស្សិតក្រីក្រ ខ្វះខាតលទ្ធភាព​ឲ្យបន្តការ​សិក្សាទៅមុខទៀតបាន។ គោលដៅមុន
ដំបូងរបស់អង្គការនេះគឺនៅស្រុកឳរ៉ាល់ ខេត្ត​កំពង់ស្ពឺ​ ដែលរួមបញ្ចូលទាំងជនជាតិសួយ
នៅទីនោះផងដែរ។

អង្គការ ទ្រទ្រង់ សាលា អន្តរជាតិ

បើតាមសំដីលោក សែម គង់ ដែលជាប្រធានក្រុមនៃយុវសិស្សទាំងនោះបានឲ្យដឹងថា
សព្វថ្ងៃ ពួកគេ​សូវជាមានបញ្ហាលើជីវភាពប៉ុន្មានទេ ដោយសារអង្គការបានផ្តល់កន្លែង
ស្នាក់នៅ និងប្រាក់ឧបត្ថម្ភក្នុង១ខែ ៥០ដុល្លារ និងថ្លៃបង់សាលាសំរាប់អ្នកសិក្សានៅ
សាកលវិទ្យាល័យដូចជារូបគាត់។ ប៉ុន្តែគាត់បាន​បញ្ជាក់ទៀតថា អ្វីដែលពួកគាត់ខ្វះខាត
នោះគឺសំភារៈសិក្សាដូចជា សៀវភៅអាន និងការបណ្តុះ​បណ្តាល​ចំណេះដឹងបន្ថែម
ដូចជាភាសាអង់គ្លេសជាដើម។

ដើម្បីឆ្លើយតបទៅនឹងតំរូវការខ្វះខាតរបស់ប្អូនៗដែលមកពីស្រុកឳរ៉ាល់ទាំងអស់នោះ
លោកស្រី ភូ ចិរយា ដែលជាប្រធានក្រុមយុវជនខ្មែរដើម្បីអភិវឌ្ឍន៍ បានឧបត្ថម្ភសៀវភៅ
អានជាច្រើន និង​ជាពិសេស លោកស្រីនិងសមាជិកក្រុមបានផ្តល់នូវវគ្គបណ្តុះបណ្តាល
ដល់ប្អូនៗទាំងអស់នោះ​ជារៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង២ដល់៤រសៀល។

សកម្មភាពបង្រៀនរបស់លោកស្រី ភូ ចរិយា


សមាជិក ក្រុម យុវជន ខ្មែរ ដើម្បី អភិវឌ្ឍន៍

ពួកគេមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានជំនួយពីមជ្ឈដ្ឋានខាងក្រៅជួយជ្រោម
ជ្រែងលើជីវភាពរស់នៅ និងការសិក្សាដូច្នេះ។ ប្អូនស្រី ជន់ រ៉ាម អាយុ១៨ឆ្នាំ រៀនថ្នាក់ទី៩
នៅវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី ដែលជាជនជាតិសួយតែម្នាក់គត់ក្នុងចំណោម
សមាជិកទាំង៦នាក់ បាននិយាយ​ថា៖ ​«កុំតែបានអង្គការជួយ ម្លេះប្រហែលជាខ្ញុំមិនមានមុខ
នៅទីនេះទេមើលទៅ បើនៅស្រុកខ្ញុំមាន​ត្រឹមតែអនុវិទ្យាល័យហ្នឹង ហើយខ្ញុំសប្បាយចិត្ត
ពេលដែលបានបងស្រី ភូ ចរិយា មកជួយបង្រៀន​អង់គ្លេសនៅផ្ទះអញ្ចឹង ព្រោះខ្ញុំអត់លុយ
ទៅរៀនគួរអង់គេ្លសនឹងគេ រៀនតែតាមសៀវភៅនៅសាលា​រដ្ឋ។»

ពួកគេនឹងក្លាយជាក្តីសង្ឃឹមរបស់អ្នកស្រុកឳរ៉ាល់ទាំងឡាយ ព្រោះពួកគេសុទ្ធតែមាន
បំណងប្រាថ្នា​រៀងៗខ្លួនដែលមានអ្នកខ្លះចង់ក្លាយជាគ្រូបង្រៀន វិស្វករ វេជ្ជបណ្ឌិត ​និងអ្នកខ្លះទៀតស្រឡាញ់ខាង​វិស័យកសិកម្ម។
…………………………

2 ចំលើយ

  1. ខុសពីខ្ញុំកាលទៅរៀននៅភ្នំពេញ ដេកនៅនឹងវត្ត មិនដែល
    ស្គាល់ពីជីវភាពបែបនេះឡើយ។ពិតជាសំណាងរបស់យុវសិស្សជំនាន់នេះ។

    • តាម​ពិតទៅ​ ការនៅ​វត្ត​ក៏ជាសំណាង​មួយ​ដែរ! មិន​មែន​មនុស្សរាល់​គ្នា​​សុទ្ធ​តែ​មាន​ឳកាស​បាន​នៅវត្ត​នោះ​​ទេ​!

ទំលាក់ មួយចំលើយតប ទៅ sareth បោះ​បង់​ការ​ឆ្លើយ​តប